ឆែកមើលតម្លៃឡាន Hummer អត់ប្រើសាំងថ្មី សាកភ្លើងម្តងជិះបានជិត ៦០០គ.ម៉

9

ថ្មីៗនេះ ក្រុមហ៊ុន GMC បានប្រកាសចេញរថយន្តភីកអាប់ Hummer EV ជាម៉ូដែលឆ្នាំ២០២២ ថ្មី បន្ទាប់ពីវាបានបាត់មុខអស់រយៈពេលជិត ១០ឆ្នាំ។

Hummer EV នឹងចេញលក់ម៉ូដែល Edition 1 មុនគេបង្អស់ ជាមួយនឹងតម្លៃ ១១២ ៥៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាជាម៉ូដែល Full Option ដែលបំពាក់ម៉ូទ័រអគ្គិសនី ៣ មានកម្លាំងសរុប ១ ០០០សេះ និងចម្ងាយបើកបរ ៥៦០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

បន្ទាប់មក Hummer EV 3X នឹងចេញលក់នៅចុងឆ្នាំ២០២២ ជាមួយនឹងតម្លៃ ៩៩ ៩៩៥ដុល្លារ។ ម៉ូដែលនេះប្រើម៉ូទ័រអគ្គិសនី ៣ ប៉ុន្តែមានកម្លាំងត្រឹម ៨០០សេះ ហើយចម្ងាយបើកបរ ៤៨០គីឡូម៉ែត្រប៉ុណ្ណោះ។

ក្រោយចេញលក់ 3X បានប៉ុន្មានខែ GMC នឹងចេញមួយម៉ូដែលទៀត គឺ Hummer EV 2X តម្លៃ ៨៩ ៩៩៥ដុល្លារ មានបំពាក់ម៉ូទ័រអគ្គិសនី ២ បង្កើតកម្លាំងបាន ៦២៥សេះ និង ចម្ងាយបើកបរ ៤៨០គីឡូម៉ែត្រ។

ចុងក្រោយគឺប្រភេទ Base Model ដែលនឹងចេញលក់នៅឆ្នាំ២០២៤ ជាមួយនឹងតម្លៃ ៧៩ ៩៩៥ដុល្លារ។ វាប្រើម៉ូទ័រអគ្គិសនី ២ ហើយមានចម្ងាយបើកបរត្រឹមតែ ៤០០គីឡូម៉ែត្រប៉ុណ្ណោះ។

បើនិយាយពីការឌីហ្សាញវិញ Hummer EV បំពាក់ប៉ាណាមុខរាងតូច គួបផ្សំនឹងចង្កៀងមុខ LED រាងស្លីម ប៉ុន្តែមានកាងមុខធំ និង បន្ទះការពារបាតក្រោមសម្រាប់ការបើកបរ Off-road ផងដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បំពាក់ចង្កៀង LED និង កាងដ៏ធំ ជាមួយនឹងទម្ពក់រាងអក្សរ D។ រថយន្តភីកអាប់នេះបំពាក់សម្បកកង់ទំហំ ៣៥អ៊ីញមកស្តង់ដារ ដែលអាចបើកកាត់ទឹកបានជម្រៅ ៦១០មីល្លីម៉ែត្រ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ ដែលងាយស្រួលទៅកាន់ប្រព័ន្ធ UltraVision ដែលមើលកាមេរ៉ាបាន ១៨ មុំផ្សេងៗគ្នា។ រថយន្ត Hummer EV នឹងបំពាក់មុខងារពិសេសមួយ ហៅថា Super Cruise ដែលអនុញ្ញាតឲ្យអ្នកបើកបរប្រលែងដៃពីចង្កូត នៅលើផ្លូវចម្ងាយច្រើនជាង ២០០ ០០០ម៉ាយ៍ (៣២១ ៨៦៩គីឡូម៉ែត្រ)៕