នារីនៅវ័យក្មេងពេករួមភេទ អាចងាយនឹងកើតជំងឺមហារីកមាត់ស្បូន

1

ជំងឺមហារីកមាត់ស្បូន​បានកើតឡើងច្រើនលើស្ត្រី​ ហើយបាន​សម្លាប់​ស្ត្រីជារៀងរាល់ថ្ងៃតែម្តង។ ហើយកត្តាជាច្រើនដែលនាំឱ្យកើតជំងឺសាហាវនេះ និងឈានដល់ដំណាក់កាល​ធ្ងន់ធ្ងរ​មិនអាច​ព្យាបាលបាន។ តែស្ត្រីអាចការពារខ្លួនឯងបាន ប្រសិនបើ​ទៅពិនិត្យសុខភាពទៀងទាត់ និង​ចាក់វ៉ាក់សុំាងត្រឹមត្រូវ។

តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនានា បានឱ្យដឹងថា ការរួមភេទនៅវ័យក្មេងពេក ក្រោម២០ឆ្នាំ អាចមានហានិភ័យបង្កជំងឺមហារីកមាត់ស្បូនផងដែរ។ ដូច្នេះ ស្ត្រីខ្លួនឯង មិនគួរប្រញ៉ាប់រួមភេទ ឬរៀបការនៅអាយុក្មេងពេកនោះទេ ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាព​។

ដោយឡែកក្រោយពីការរួមភេទនៅវ័យក្មេង ក៏មានកត្តាសំខាន់ៗផ្សេងទៀតនាំឱ្យស្ត្រីកើតជំងឺមហារីកមាត់ស្បូននេះផងដែរ រួមមាន៖ អ្នកមានដៃគូររួមភេទច្រើន, អ្នកមានកូនច្រើន, អ្នកជក់បារី, អ្នកដែលបានឆ្លងមេរោគប្រភេទ HPV បង្កមហារីកដូចជាប្រភេទ ១៦,១៨…, អ្នកដែលមិនបានធ្វើការតាមដាន និងពិនិត្យមាត់ស្បូន និងអ្នកដែលមានភាពស៊ាំធ្លាក់ចុះ (មានផ្ទុកមេរោគHIV …)។

សម្រាប់រោគសញ្ញានៃជំងឺមហារីកមាត់ស្បូនវិញមានដូចជា៖ ការធ្លាក់ឈាម, ការធ្លាក់សមានធំក្លិនស្អុយ, ការធ្លាក់ឈាមរដូវមិនទៀងទាត់, អស់កម្លាំង, ចុះស្គម, អត់ឃ្លានអាហារ, ឈឺខ្នង និងចង្កេះជាដើម។

ដូច្នេះដើម្បីការពារខ្លួនពីជំងឺកាចសាហាវនេះ និងជំងឺផ្សេងៗស្ត្រីត្រូវតែទៅចាក់វ៉ាក់សុំាងឱ្យបានត្រឹមត្រូវ ជាពិសេសចាក់វ៉ាក់សុំាងចាប់ពីអាយុ៩ឆ្នាំសម្រាប់វ៉ាក់សុំាងការពារជំងឺមហារីក និង​ត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់ មិនថាជំងឺ​មហារីកនោះទេ រយៈពេល១ឆ្នាំម្តង ឬ៦ខែម្តង៕

ប្រភព៖ Healthy Cambodia