វិធីសាស្រ្តការពារនៅពេលគាំងបេះដូង

2

បច្ចុប្បន្ននេះបញ្ហាគាំងបេះដូង បានសម្លាប់ពលរដ្ឋខ្មែរជាច្រើននាក់ ហើយអ្នកគាំងបេះដូងអាចបណ្តាលឱ្យស្លាប់ភ្លាមៗ។ អ្នកទាំងអស់គ្នាប្រហែលជា​​ធ្លាប់លឺហើយ អ្នកខ្លះ​មើលឃើញមាឌមាំ សុខភាពហាក់ល្អ តែបែរជាគាំងបេះដូង ស្លាប់ភ្លាមៗសឹងមិនគួរឱ្យជឿ។ ថ្ងៃនេះ Business Time សូមលើកយកបញ្ហាដែលនាំឱ្យកើតជំងឺបេះដូង និងឈានដល់​មានបញ្ហាគាំងបេះដូង និង​វិធីការពារមួយចំនួនចៀសវាង ស្លាប់ដោយសារ​គាំងបេះដូង។

ជំងឺបេះដូងអាចមានច្រើនប្រភេទ តែយើងនឹងលើកយកតែជំងឺស្ទះសរសៃឈាមបេះដូងមកបង្ហាញ​លោកអ្នកអាន ដើម្បីជាចំណេះដឹង​ និងចេះការពារខ្លួនឯង។

អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង? យោងតាមមន្ទីរពេទ្យកាល់ម៉ែត​ឱ្យពន្យល់ថា  គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។ វា ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។

ហើយមូលហេតុសំខាន់ធ្វើឱ្យកើតជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។

ចំណុចដែលគួរឱ្យកត់សម្គាល់ គឺកើតឡើងចំពោះក្រុមមនុស្សដែលប្រឈមខ្លាំង៖ វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ), លើសទម្ងន់, មានជំងឺលើសឈាម, មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម, មានជំងឺលើសជាតិខ្លាញ់ (High cholesterol), ពិសារបារី, ពិសារស្រាច្រើន និង ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។

សម្រាប់រោគសញ្ញាបង្ហាញថា អ្នកកើតជំងឺនេះ គឺ ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម។ រោគសញ្ញារួមផ្សំផ្សេងទៀត៖ បែកញើស, ឡេះឡះ និងថប់ដង្ហើម ឬហត់។

ចំណែកផលវិបាកវិញ គឺ៖ វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia), ខ្សោយបេះដូង ( Heart failure), ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock) និង គាំងបេះដូង -ស្លាប់ (Sudden death)។

សូមបញ្ជាក់សម្រាប់វិធីការពារជំងឺកាចសាហាវនេះ យើងអាច៖

– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍

– ឈប់ពិសារបារី

– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត

– ជៀសវាងអាហារប្រៃហួសប្រមាណ

– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់

– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)

– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម

– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ

– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់

– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូង ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រភព៖ Healthy Cambodia