លក់អនឡាញមិនដាច់មែនទេ តោះសាកល្បងវិធីសាស្ត្រប៉ុន្មានចំណុចនេះដើម្បីទាក់ទាញចំណាប់អាម្មណ៍អតិថិជនរបស់អ្នកឡើងវិញ

1

ដោយសារតែបច្ចេកវិទ្យារបស់ពិភពលោកនាពេលបច្ចុប្បន្នកាន់តែទំនើបខ្លាំងឡើង ធ្វើឲ្យប្រព័ន្ធអនឡាញកាន់តែពេញនិយមបំផុត ពោលមានភាពងាយស្រួលទាំងការប្រស្រ័យទាក់ទងគ្នា និងការរកស៊ីផងដែរ ជាពិសេសគឺល្អបំផុតសម្រាប់អាជីវកម្មអនឡាញតែម្តង ព្រោះការរកស៊ីតាមរបៀបនេះងាយស្រួលបំផុតដើម្បីបញ្ជូនព័ត៌មានផលិតផលរបស់អ្នកទៅកាន់អតិថិជនបានយ៉ាងងាយ និងលឿនផងដែរ។ ទន្ទឹមនឹងនោះដែរអ្នកខ្លះបានប្រើតិចនិចរៀងៗខ្លួនដើម្បីឲ្យលក់ផលិតផលដាច់ ខណៈមានអ្នកមួយចំនួនក៏លក់មិនដាច់ដែរ។ ដើម្បីជាគន្លឹះខ្លះៗក្នុងការលក់អនឡាញឲ្យលេចធ្លោ Business Time សូមលើកយកវិធីសាស្រ្ត៧ចំណុចមកចែកជូនបងប្អូន។
១. ចាប់ផ្តើមផុសរូបស្អាតៗទាក់ចិត្តអ្នកមើល
សម្រាប់រូបភាពអ្នកមិនមែនចេះតែផុសឲ្យរួចពីដៃនោះទេ ពោលគឺរូបភាពត្រូវច្បាស់ ពណ៌ស្អាត ឬ ផ្ទៃខាងក្រោយមិនមានភាពរញ៉េរញ៉ៃដែលធ្វើឲ្យបាត់បង់នៅផ្នែកណាមួយនៃផលិតផល។ ដូច្នេះហើយ រូបភាពគឺជាជំហ៊ានទីមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យអតិថិជនចាប់អារម្មណ៍លើផលិតផល។ ប៉ុន្តែក្នុងនោះអ្នកមិនគួរប្រើពណ៌ខ្លាំងពេករហូតដល់បាត់បង់សភាពដើមនៃផលិតផលនោះទេ។


២. ចេះសរសេរពាក្យចាក់ដោត
ការប្រើពាក្យពេចន៍ក៏សំខាន់ផងដែរ ព្រោះថាអ្នកត្រូវចេះលេងឃ្លាឃ្លោងណាដែលមើលទៅហើយធ្វើឲ្យអតិថិជនចង់ទិញផលិតផល។ ឧទាហរណ៍ ការសរសេរពីគុណប្រយោជន៍របស់ផលិតផល ដែលវាងាយស្រួលនៅពេលអតិថិជនឃើញហើយនឹងដឹងថា ផលិតផលនោះវាត្រូវនឹងស្បែករបស់ពួកគេ។ ចំណុចនេះហើយ ដែលធ្វើឲ្យពួកចូលមើលព័ត៌របស់ផលិតផលអ្នកនិងចង់សាកប្រើផងដែរ។


៣. អតិថិជនគោលដៅរបស់អ្នក
ការកំណត់អតិថិជនគោលដៅ គឺពិតជាមានសារសំខាន់ខ្លាំងបំផុត ព្រោះវានឹងជួយឲ្យអ្នកមានភាពងាយនៅពេលដាក់បង្ហាញផលិតផល។ ដូច្នេះហើយ បើសិនជាផលិតផលរបស់អ្នកផ្តោតលើអតិថិជនវ័យកណ្តាល នោះអ្នកក៏ត្រូវផ្តោតទៅលើពួកគេតែប៉ុណ្ណោះ។ ឧទាហរណ៍ បើអ្នកដាក់លក់លើ Page ឬមួយលើ Facebooks ដូច្នេះ Friends Facebooks និង Page របស់អ្នកក៏ត្រូវជ្រើសរើសយកតែអតិថិជនវ័យកណ្តាលប៉ុណ្ណោះ ទើបចំគោលដៅនៃផលិតផលរបស់យើង។


៤. ព្យាយាមផុសរាល់ថ្ងៃ
ការផុសរូបជាប្រចាំ គឺពិតជាមានសារសំខាន់បំផុតសម្រាប់ផលិតផល ព្រោះថាអតិថិជននឹងបានឃើញនៅផលិតផលថ្មីៗ ឬមួយឃើញនៅព័ត៌មានរបស់វាជាប្រចាំ។ ចំណុចនេះវាក៏អាចជាយុទ្ធសាស្ត្រដ៏តូចមួយក្នុងការធ្វើឲ្យភ្ញៀវចាប់អារម្មណ៍លើផលិតផលរបស់អ្នកដែរ។ យ៉ាងណាវាក៏ជាការបង្ហាញដែលថា ទោះបីជាថ្ងៃនេះពួកគេមិនទិញ នៅថ្ងៃស្អែកពួកគេនឹងអាចទិញក៏ថាបាន។


៥. រៀបចំការ Live Video ឲ្យបានល្អ
ចំពោះការ Live Video គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការលក់ផលិតផល។ ដូច្នេះហើយ នៅពេល Live Video អ្នកត្រូវរៀបចំខ្លួនឯងឲ្យបានស្អាត ទាំងរូបរាង មុខមាត់ និងការស្លៀកពាក់ឲ្យបានសមរម្យ។ មួយវិញទៀត កាមេរ៉ា ឬទូរសព្ទ ត្រូវមានថ្មឲ្យគ្រប់គ្រាន់ដើម្បីកុំឲ្យពេលកំពុង Live មានបញ្ហា។ ចុងក្រោយនោះ សេវាអ៊ិនធើណេតគឺសំខាន់បំផុតដែលជួយឲ្យការ Live របស់អ្នកទៅបានយ៉ាងរលូន។


៦. កុំប្រើពាក្យសម្តីមិនគប្បីក្នុងការ Live
ការ Live Video ជាការបង្ហាញខ្លួនជាសាធារណៈរបស់អ្នក ដូច្នេះហើយកំលុងពេលនិយាយស្តីអ្នកត្រូវមានការប្រុងប្រយ័ត្នបំផុត។ យ៉ាងណាមិញ អ្នកមិនត្រូវខឹងអតិថិជនហើយប្រើពាក្យមិនសមរម្យដោយជេរពួកគេក្នុងការ Live នោះទេ។ បើសិនជាអ្នកធ្លាប់ប្រើកាយវិការទាំងនេះ គួរកែប្រែវាឡើងវិញ ដើម្បីទាក់ទាញអតិថិជនមកចាប់អារម្មណ៍លើផលិតផលនិងសេវាកម្មរបស់អ្នក។

៧. គួរដូរអីវ៉ាន់ឲ្យអតិថិជនវិញ បើសិនជាមានករណីលើកលែង
ការដូរអីវ៉ាន់ឲ្យអតិថិជន គឺពិតជាមានភាពរញ៉េរញ៉ៃបន្តិចមែនសម្រាប់ការរៀបចំ។ ប៉ុន្តែនៅពេលដែលអតិថិជនយកទៅហើយមិនពេញចិត្ត នោះថ្ងៃក្រោយពួកគេនឹងឈប់ទិញផលិតផលរបស់អ្នក។ ដូច្នេះហើយ បើសិនជាអីវ៉ាន់ណាដែលអ្នកអាចដូរបានអ្នកគួរតែដូរឲ្យពួកគេ។ ឧទាហរណ៍ បើអ្នកលក់ខោអាវ នៅពេលភ្ញៀវធ្វើការកម្ម៉ង់យកទៅ ក៏ពាក់មិនកើត។ ចំណុចនេះហើយដែលអ្នកគួរតែដូរឲ្យពួកគេវិញ។

Young Asia friendly girl live video blog (vlogger) and sales shoes in online e-commerce shopping at shop.