បុរសវ័យក្មេងអាយុ៣៣ឆ្នាំ ប្រើទុនតែ $២០០អាចបង្កើតបានប្រាក់ ១ លានដុល្លារក្នុងរយៈពេលតែ ៩២ ថ្ងៃ

1

លោក Trevor Chapman ជាសហគ្រិនវ័យ ៣៧ ឆ្នាំមយយរូប ដែលមានភាពជោគជ័យយ៉ាងខ្លាំងពីការធ្វើអាជីវកម្មលក់ទំនិញតាមប្រព័ន្ធអនឡាញ នៅសហរដ្ឋអាមេរិក។ ការចាប់អាជីវកម្មនៃការលក់ទំនិញតាមប្រព័ន្ធអនឡាញដំបូង លោកបានចំណាយដើមទុនតែ ២០០ដុល្លារប៉ុណ្ណោះ តែឥឡូវអាជីវកម្មនោះមានតម្លៃប្រមាណ ១០លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២០ នេះ។ ក្រៅពី ការធ្វើជំនួញមួយនេះ លោកក៏បានចូលរួមក្នុងកម្មពិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាច្រើនផងដែរ។ ក្នុងនោះ លោកបានចែករំលែកនូវបទពិសោធនៃការចាប់ផ្ដើមការរកស៊ីរបស់លោកទៅកាន់ សារព័ត៌មាន CNBC។

នៅពេល Trevor អាយុប្រមាណខ្ទង់ ៣០ឆ្នាំ លោកបានធ្វើការជាអ្នកលក់បន្ទះសូឡាម្នាក់។ ដោយធ្វើការអស់ជាច្រើនម៉ោងក្នុងមួយថ្ងៃ តែប្រាក់ចំណូលដូចជាមិនសមប្រកបនឹងការលះបង់របស់លោកសោះ។ ពេលនោះ ​Trevor បានលើកឡើងថា គាត់ត្រូវបានជំរុញទឹកចិត្តពីពាក្យមួយឃ្លារបស់លោក Warren Buffet ប្រសិនបើអ្នកមិនអាចរកប្រាក់នៅកំលុងពេលអ្នកដេកបានទេ នោះអ្នកនឹងធ្វើការរហូតស្លាប់។

ពាក្យមួយឃ្លានេះ បានធ្វើឲ្យTrevor ធ្វើការរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការរកប្រាក់ចំណូលបន្ថែម។ ភ្លាមៗនោះ លោកមានគំនិតមួយថា ដើម្បីរកប្រាក់ចំណូលបានបែបនេះ​​ មានតែការរកប្រាក់តាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ Trevor បានចាប់ផ្ដើម បោះដើមទុន ២០០ដុល្លារ ដើម្បីចាប់ផ្ដើមអាជីវកម្មលក់អីវ៉ាន់តាមប្រព័ន្ធអនឡាញដោយមានឈ្មោះថា LDSman.com នៅឆ្នាំ ២០១៦។ យ៉ាងណាមិញ មិនមែនរាល់ការជោគជ័យទាំងអស់កើតមកភ្លាមៗនោះទេ ព្រោះលោកក៏ធ្លាប់មានកំហុសនៅក្នុងការចាប់ផ្ដើមដំបូងនេះដែរ។ ពេលនោះ លោកបានចំណាយប្រាក់អស់ពាក់កណ្ដាលទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេត តែវាមិនបានផលត្រឡប់មកវិញទេ ព្រោះលោកលក់ទំនិញមិនចំតម្រូវការរបស់អតិថិជន។

ដោយមិនបោះបង់ Trevor បានព្យាយាមរិះរកមធ្យោបាយថ្មី ដើម្បីស្រោចស្រង់ការខូចខាតទាំងនោះមកវិញ ជាហេតុធ្វើឲ្យលោកបែកគំនិតនៅក្នុងការយកទំនិញផ្សេងៗ ពីប្រទេសចិនតាមរយៈ Alibaba និង Aliexpress ទៅលក់នៅសហរដ្ឋអាមេរិក។ បន្ថែមទៀតនោះ គាត់បានយកបទពិសោធន៍និងមេរៀនដែលគាត់បានពីការងារក្នុងការលក់សូឡារបស់លោក​ ដើម្បីមកធ្វើជាគំរូក្នុងការចាប់ផ្ដើមអាជីវកម្មមួយនេះ។ លោកបានបន្ថែមទៀតថា​ក្នុងការធ្វើអាជីវកម្មបែបនេះ ធ្វើយ៉ាងណាឲ្យអតិថិជនអាចអញ្ជើញអ្នកទៅផ្ទះរបស់ពួកគេ និងធ្វើយ៉ាងណាឲ្យបានជួបពួកគេដោយផ្ទាល់ នោះទើបអ្នកបង្កើតភាពជិតស្និទ្ធជាមួយពួកគាត់។

ការលក់ដូររបស់លោក ហាក់ដូចជាមានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឲ្យលោកអាចរកប្រាក់ចំណូលបានច្រើននឹកស្មានមិនដល់ នោះគឺ១ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ និងបានកើនឡើងជាលំដាប់។ បន្ទាប់មក លោកបានធ្វើការត្រួតពិនិត្យទៅលើប្រាក់ចំណូលរបស់លោកជាប្រចាំ។​ ក្នុងរយៈពេលតែ ៩២ ថ្ងៃTrevor បានសម្រេចនូវរឿងមួយដ៏អស្ចារ្យ គឺអាចរកប្រាក់ចំណូលបានប្រមាណ ១​លានដុល្លារដែលធ្វើចេញពីប្រាក់តែ ២០០ដុល្លារ។ ក្នុងរយៈពេល ៣ខែនោះ Trevor បានធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើឲ្យលោកអាចរកប្រាក់ចំណូលទាំងនោះបាន។

សរុបមក តាមរយៈបទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់ Trevor អាចជាមេរៀនមួយបញ្ជាក់ថា មានវិធីជាច្រើនដែលអាចជួយឲ្យអ្នកអាចរកប្រាក់ចំណូលបានយ៉ាងច្រើន សម្រាប់ជីវភាពប្រចាំថ្ងៃរបស់អ្នក និងសម្រាប់ផ្គត់ផ្គង់ពេលអ្នកចូលនិវត្តន៍។ មួយវិញទៀត ការងារលក់អីវ៉ាន់អនឡាញក៏អាចជាវិធីមួយសម្រាប់បង្កើនប្រាក់ចំណូលបន្ថែមផងដែរ។

ប្រភព៖ CNBC