ក្រុមប៉ាតុករថៃផ្ទុះការតវ៉ាកាន់តែខ្លាំងកំណត់ថ្ងៃឲ្យប្រាយុទ្ធចាន់អ៊ូចាចុះចេញពីដំណែង និងបានដង្ហែក្បួនដ៏ធំយកញត្តិទៅដាក់នៅស្ថានទូតអាឡឺម៉ង់ប្រចាំទីក្រុងបាងកក

6

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បានដាក់សម្ពាធបន្ថែមទៀតទៅលើលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អ៊ូចាដោយធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅមុខស្ថានទូតអាល្លឺម៉ង់ក្នុងទីក្រុងបាងកក។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ប្រាយុទ្ធបានច្រានចោលពេលវេលាកំណត់របស់ក្រុមបាតុករដែលទាមទារឱ្យលោកលាលែងពីតំណែងនៅល្ងាចថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។ ក្រុមអ្នកតវ៉ាបានដើរក្បួនទៅកាន់ស្ថានទូត និងបានដាក់ញត្តិផងដែរ។ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រមូលផ្ដុំគ្នានៅផ្លូវបំបែកសាមគ្គីប្រហែលម៉ោង ៥ល្ងាចហើយចាប់ផ្តើមដង្ហែក្បួននៅលើផ្លូវរ៉ាម៉ាទី៤ ទៅកាន់ស្ថានទូតនៅលើផ្លូវសាធុន។ ហ្វូងមនុស្សបានទៅដល់ស្ថានទូតនៅម៉ោង ៧យប់ហើយបានដាក់ញត្តិរបស់ពួកគេទៅបុគ្គលិកស្ថានទូតមុនពេលបញ្ឈប់ការជួបជុំ។

នៅក្នុងលិខិតមួយដែលត្រូវបានផ្សព្វផ្សាយតាមអ៊ិនធឺណេតក្រោមក្បាលសំបុត្រផ្លូវការរបស់ខ្លួនស្ថានទូតអាល្លឺម៉ង់បាននិយាយថាខ្លួនបានទទួលស្គាល់សិទ្ធិរបស់ក្រុមបាតុករក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងកោតសរសើរចំពោះការការពាររបស់ក្រសួងការបរទេសចំពោះស្ថានទូតក្រោមមាត្រា ២២ នៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។
ស្ថានទូតបាននិយាយថាខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលញត្តិហើយបញ្ជូនវាទៅទីក្រុងប៊ែរឡាំង។ របាយការណ៍នេះបាននិយាយថា “ដូចករណីមុនៗ ស្ថានទូតបានត្រៀមទទួលសារដែលផ្ញើជូនរដ្ឋាភិបាលសហព័ន្ធបានបង្ហាញដោយសន្តិវិធី”