ស្ងាត់ៗជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី សោភាទេពី ទិញរថយន្តមួយគ្រឿងតម្លៃខ្ទង់សែនដុល្លា

100

តារាចម្រៀងវ័យក្មេងសំឡេងពីរោះ មុខមានមន្តស្នេហ៍ដែលមានម៉ាក់ធ្វើជាគ្រូបង្រៀន ប៉ាធ្វើជាទាហ៊ានកញ្ញា សោភា ទេពី បានអាចឆក់យកដួងចិត្តអ្នកគាំទ្រតាមរយៈបទមនោសញ្ចេតនា កន្ទ្រឹម និងញាក់ជាដើមព្រោះនាងបត់បែនបានគ្រប់ទម្រង់ទាំងអស់ជាមួយទឹកដមពីរោះរណ្តំ។

ជាក់ស្តែងអ្វីដែលធ្វើឲ្យមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈរួមទាំងមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះកាលពីម្សិលមិញនេះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្រីស្រស់ សោភា ទេពី បានបង្ហោះរថយន្តទំនើបម៉ាក Lexus RX 350 ដែលទើបនឹងទិញព្រមទាំងភ្ជាប់ជាមួយដ៏សែនមានន័យថា “ស្រលាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ម៉ា់ក់ ម៉ាក់ហត់ណាស់ទំរាំបានកូនមកនៅជាមួយ”។ គ្រាន់តែ សោភា ទេពី បង្ហោះរថយន្តមិនទាន់បានប៉ុន្មានម៉ាងផងមានអ្នកគាំទ្រចូល Like share និង Comment សរសើរមិនដាច់ពីមាត់ថា “សូមសរសើរអាយដលមិននឹកស្មានទេ នៅក្មេងសោះអាចមានសមត្ថភាពទិញរថយន្តដោយខ្លួនឯងបាន ពិតអស្ចារ្យមែន”។

រថយន្តទំនើបម៉ាក Lexus RX 350 ដែល សោភា​ ទេពី បានទិញគឺមានតម្លៃ១០៦,០០០ដុល្លារអាមេរិក ស៊េរីឆ្នាំ២០១៧ ដែលជាញើសឈាមសុទ្ធសាធរបស់នាងខំសន្សំតាំងពីអាយុ៩ឆ្នាំដែលបានចូលប្រឡូកនៅលើវិថីសិល្បៈដោយបានប្រើសមត្ថភាពពិតៗរថយន្តដែលទិញនោះគឺប្រគល់លុយឲ្យគេភ្លាមមិនមានជំពាក់គេនោះទេ។ ម្ចាស់បទ “អូនធំ” រូបនេះ គឺជាក្មេងស្រីម្នាក់ដែលខំរៀនផងធ្វើការផង ពុំសូវមានពេលសម្រាកនោះទេ ហើយតែងតស៊ូជំនះនូវរាល់ឩបសគ្គទាំងឡាយមិនដែលទុកពេលវេលាឲ្យទំនេរចោលឡើយ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ សោភា ទេពី កំពុងតែឡើងកូតខ្លាំងនាងត្រូវបានកម្មវិធីធំៗជាច្រើនហៅទៅច្រៀងជាហូរហែ ជាហេតុធ្វើឲ្យនាងរវល់ស្ទើរតែរកពេលសម្រាកគ្មាន ក្រៅពីអាជីពសិល្បៈនាងបានទៅហាត់រៀនល្បុក្កតោ រៀនភាសាអង់គ្លេសនៅសាលាACE រៀនថ្នាក់ទី១០នៅសាលាវិចិត្រសិល្បៈ ផ្នែកល្ខោនយីកេរផងដែរ៕

 

ប្រភព៖ Pkay TV

អត្ថបទដោយ៖ សុភ័ក្រ្ត