មកដឹងពីទំលាប់​ពេលព្រឹករបស់​កំពូលមហាសេដ្ឋីពិភពលោក៦រូបធ្វើឲ្យពួកលោកកាន់តែជោគជ័យ

13

ជាធម្មតា​មនុស្ស​ម្នាក់ៗ​តែងតែមាន​ទំលាប់រៀងៗ​ខ្លួនដែលធ្វើ​នៅពេលព្រឹក ហើយ​ទំលាប់ទាំងអស់នោះ​ក៏ជាផ្នែកមួយ​ដ៏សំខាន់សម្រាប់ដំណើរ​ជីវិត​របស់យើងផងដែរ ព្រោះ​ទម្លាប់ខ្លះ​នាំឲ្យយើង​មិនរីកចម្រើន ហើយ​ទំលាប់ខ្លះទៀតជួយឲ្យជីវិត​យើង​កាន់តែ​ជោគជ័យ។ ថ្ងៃនេះ​ Business Time សូមបង្វែរអារម្មណ៍​ប្រិយមិត្ត​មកដឹងពី​ទំលាប់នៅពេលព្រឹករបស់មហាសេដ្ឋី​៦រូប៖​

១ Elon Musk

ពេលព្រឹក​របស់មហាសេដ្ឋី Elon Musk នៅពេលព្រឹកក្រោយពេលដុះធ្មេញរួច នៅម៉ោង៧ព្រឹក Elon Musk ប្រញាប់ប្រញាល់ទៅកាន់ការងារជំនួញរបស់លោក។ Elon Musk ចំណាយពេលកន្លះម៉ោងក្នុងការអាន និងឆ្លើយតបអ៊ីមែល ខណៈពេលលោកកំពុងពិសារកាហ្វេ។ មហាសេដ្ឋីរូបនេះនិយាយថាលោករវល់ពេកមិនបានញាំអាហារពេលព្រឹកឡើយ។ ជាធម្មតាបន្ទាប់ពីបញ្ជូនកូនប្រុសទាំងប្រាំរបស់លោកទៅសាលារៀន Elon Musk ងូតទឹក បន្ទាប់មកបើកឡានទៅធ្វើការតែម្តង។

២ Jack Dorsey

ស្ថាបនិក Twitter លោក Jack Dorsey និយាយថាលោកក្រោកពីដំណេកនៅម៉ោង ៥ ព្រឹក។ Jack Dorsey ធ្វើសមាធិ ៣០ នាទី បន្ទាប់មកលោកធ្វើការហាត់ប្រាណ ៧ នាទី ៣ ដង។ បន្ទាប់ពីនោះ Jack Dorsey ញាំកាហ្វេពេលព្រឹករបស់លោករួចហើយ​ចូលធ្វើការ។

៣ Warren Buffett

មហាសេដ្ឋី Warren Buffett ចូលចិត្តគេងណាស់។ លោកនិយាយថាជាធម្មតាលោកគេងពេញ ៨ ម៉ោងក្នុងមួយយប់។ តាមសេចក្តីរាយការណ៍ Warren Buffett ភ្ញាក់ពីគេងនៅម៉ោង ៦ និង ៤៥ នាទីព្រឹក ហើយចាប់ផ្តើមអានកាសែតរបស់លោកដូចជាកាសែត the Wall Street Journal និង USA Today ។

៤ Jeff Bezos

Jeff Bezos ក៏ឱ្យតម្លៃដល់ការគេងរបស់ខ្លួនដែរ។ លោកនិយាយថាលោកចាត់ទុកវាជាអាទិភាព។ ទោះជាយ៉ាងណាក៏ដោយតាមសេចក្តីរាយការណ៍ Bezos ភ្ញាក់ពីគេងដោយធម្មជាតិមិនចាំបាច់មានការកំណត់ម៉ោងកណ្តឹងរោទ្តិ៍ដាស់ឡើយ។ Jeff Bezos ចូលចិត្ត​បើកអង្គប្រជុំនៅពេលព្រឹកមុនពេលអាហារថ្ងៃត្រង់ ជាពិសេសនៅម៉ោង ១០ ព្រឹក។

៥ Bill Gates

កាសែត The New York Times បានរាយការណ៍ថាលោកហ្គេតនឹងចំណាយពេលមួយម៉ោងទៅលើម៉ាស៊ីនហាត់ប្រាណពេលកំពុងមើលឌីវីឌីអប់រំ។ លោកនិយាយថាលោកចូលចិត្តញាំកាកាវផាហ្វ ប៉ុន្តែភរិយារបស់លោក Melinda និយាយថាមិនញ៉ាំអាហារពេលព្រឹកទេ។

៦ Mark Zuckerberg

ស្ថាបនិកហ្វេសបុកលោក Mark Zuckerberg នៅតែប្រកាន់ខ្ជាប់នូវការងារមួយរបស់លោកជានិច្ច។ រឿងដំបូងដែលលោកធ្វើមុនគេគឺពិនិត្យទូរស័ព្ទរបស់លោក ខណៈពេលលោកមិនទាន់ក្រោកចេញពីគ្រែដំណេក។ មហាសេដ្ឋីរូបនេះនិយាយថាដំបូងបង្អស់ខ្ញុំត្រូវមើលទូរស័ព្ទរបស់ខ្ញុំ ហើយខ្ញុំមើលហ្វេសប៊ុកដើម្បីដឹងព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ ហើយខ្ញុំពិនិត្យមើលសាររបស់ខ្ញុំ បន្ទាប់មកខ្ញុំមើលសារ WhatsApp ។

ប្រភព៖ business insider

អត្ថបទដោយ៖ ជន សុភ័ក្រ្ត